ស្ត្រីមានគភ៌ទាំងឡាយធ្លាប់ធ្វើដែរទេ នៅពេលដែលញ៉ាំអាហារឆ្អែតៗហើយ រឿងដំបូងដែលចង់ធ្វើនោះគឺ គេងលេងមើលទូរទស្សន៍ ឬក៏ទៅងូតទឹកឱ្យត្រជាក់កាយសប្បាយចិត្ត។ ប៉ុន្តែ តើអ្នកដឹងឬទេថា ទង្វើខ្លះក្រោយពេលទទួលទានអាហាររួចអ្នកមិនគួរធ្វើនោះ ព្រោះវាអាចនាំមកនូវគ្រោះថ្នាក់ដល់សុខភាព។
១. មិនគួរងូតទឹក
សម្រាប់ស្ត្រីមានផ្ទៃពោះ ឬមនុស្សជាច្រើនដែលមានទង្វើចូលចិត្តងូតទឹកភ្លាមៗក្រោយពេលទទួលទានអាហាររួចនោះ គួរតែកែសម្រួលទង្វើនោះជាថ្មីហើយ ព្រោះការងូតទឹកភ្លាមៗក្រោយពេលទទួលទានអាហារឆ្អែតនឹងបន្ថយប្រសិទ្ធភាពការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ តែអ្វីដែលសំខាន់នោះ វានៅហុចផលធ្វើឱ្យប្រព័ន្ធឈាមរត់នៅក្នុងរាងកាយកើតភាពមិនតុល្យការឡើងទៀតផង ដូច្នេះ យើងសូមណែនាំថា ក្រោយពេលទទួលទានអាហាររួចហើយ គួរសម្រាកប្រមាណជា ៣០ នាទី ហើយសឹមងូតទឹក ទើបវាហុចផលល្អដល់សុខភាពខ្លាំងជាង។
២. មិនគួរទទួលទានផ្លែឈើ
ក្រោយពីទទួលទានបាយឆ្អែតហើយ ភាគច្រើនយើងច្រើនតែរកផ្លែឈើមកញ៉ាំលាងមាត់ មែនទេចា៎ស? តែបងស្រីៗដែលកំពុងមានផ្ទៃពោះដឹងទេថា ផ្លែឈើដែលយើងញ៉ាំចូលទៅភ្លាមៗបន្ទាប់ពីញ៉ាំបាយឆ្អែតហើយនោះ នឹងធ្វើឱ្យកើតជាតិអាស៊ីតកើនឡើងនៅក្នុងក្រពះ និងកើតការចុកឆ្អល់ណែនក្នុងពោះខ្លាំងជាអ្នកដែលមិនមានគភ៌ ធ្វើឱ្យមិនស្រួលក្នុងខ្លួន ដូច្នេះ យើងសូមណែនាំថា ចូរញ៉ាំផ្លែឈើក្រោយពេលទទួលទានអាហាររួចហើយ ១ឬ ២ ម៉ោងក្រោយទើបជាការប្រសើរ។
៣. មិនគួរញ៉ាំទឹកតែ
បន្ទាប់ពីញ៉ាំបាយឆ្អែតហើយ យើងមិនណែនាំឱ្យញ៉ាំទឹកតែទេ ព្រោះស្លឹកតែមានភាពជាអាស៊ីតខ្ពស់ នៅពេលទឹកតែដែលញ៉ាំចូលទៅនោះ វានឹងទៅមានប្រតិកម្មម្យ៉ាងជាមួយអាហារធ្វើឱ្យប្រូតេអ៊ីនក្នុងអាហារកើតភាពមិនសមប្រកបឡើង ហុចផលឱ្យក្រពះពិបាកក្នុងការរំលាយអាហារកាន់តែខ្លាំងឡើង។
៤. មិនគួរដើរច្រើន
ជឿថា ក្រោយពីទទួលទានអាហារឆ្អែតហើយ មិនមែនចំពោះតែស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេដែលចូលចិត្តក្រោកឡើងចេញទៅដើរដើម្បីរំលាយអាហារ ព្រោះនៅលើមនុស្សទូទៅច្រើនតែមានទង្វើបែបនេះដែរ ដែលនៅក្នុងការពិតវិញ ការទទួលទានអាហាររួចហើយដើរ មិនបានជួយធ្វើឱ្យអាហាររំលាយបានងាយ និងលឿនឡើងនោះទេ តែការដើរក្រោយពេលញ៉ាំបាយឆ្អែតហើយ ក្រៅពីធ្វើឱ្យមានអាការចុកណែនក្នុងពោះហើយនោះ វានៅធ្វើឱ្យប្រព័ន្ធរំលាយអាហារមិនអាចបឺតជ្រាបយកសារធាតុអាហារចូលទៅក្នុងរាងកាយបានល្អដូចតាមតែអាចធ្វើបាននោះឡើយ ដូច្នេះក្រោយពេលទទួលទានអាហារឆ្អែតហើយ មិនគួរក្រោកឡើងទៅដើររំលាយអាហារនោះទេ គួររង់ចាំយ៉ាងតិចប្រមាណជា ២០ទៅ៣០ នាទី រួចហើយសឹមក្រោកទៅដើរលេងៗកំសាន្តកាយ។
៥. មិនគួរគេងលក់ឱ្យភ្លាមឡើយ
ញ៉ាំឆ្អែតៗហើយ អ្នកណាៗក៏ចង់តែទម្រេតខ្លួនគេងភ្លាមៗដែរ មែនទេ? ពិសេសរឹតតែជាស្ត្រីមានគភ៌ផងនោះ រឹតតែចង់ធ្វើបែបនោះទៅទៀត តែឈប់សិន! ព្រោះការគេងលក់ភ្លាមៗក្រោយពេលញ៉ាំបាយរួចហើយ នឹងធ្វើឱ្យអាហារដែលញ៉ាំចូលទៅមិនកើតមានការរំលាយ ព្រោះមិនមែនគ្រាន់តែយើងសម្រាកប៉ុណ្ណោះទេ តែអវយវៈខាងក្នុងផ្សេងៗក៏សម្រាកដូចគ្នា ធ្វើឱ្យប្រសិទ្ធភាពក្នុងការធ្វើការយឺតយ៉ាវចុះ(បេះដូងនៅតែដើរដូចមុន តែជាការដើរក្នុងចង្វាក់ដែលយឺតជាងមុន) ដែលមានទាំងប្រព័ន្ធរំលាយអាហារផងដែរ។ ការដែលអាហារមិនទទួលការរំលាយនោះ ធ្វើឱ្យអាហារត្រូវបានប្រមូលសន្សំនៅក្នុងក្រពះ និងធ្វើឱ្យកើតមានខ្យល់ កើតមានហ្កាសឡើងនៅក្នុងក្រពះ អាចហុចផលឱ្យកើតរោគអាស៊ីតហូរបញ្ច្រាស់ឡើងបាន៕