ការមានផ្ទៃពោះ គឺជាដំណាក់កាលមួយដែលស្ត្រីត្រូវទទួលរងនូវការផ្លាស់ប្តូរ ទាំងផ្លូវអារម្មណ៍ និងរូបរាងកាយ។ រយ:ពេល៩ខែនេះ ការផ្លាស់ប្តូររូបរាងជាច្រើនបានកើតឡើង រួមទាំងក្បាលពោះរីកធំ ឡើងទម្ងន់ សុដន់ធំជាងមុន ស្បែកលាតសន្ធឹង និងហើមជើង ជាដើម។ អាការហើមជើង តែងតែកើតមានចំពោះស្ត្រីមានផ្ទៃពោះជាច្រើន ដូច្នេះដើម្បីជៀសផុតពីបញ្ហាហើមជើងអំឡុងពេលមានផ្ទៃពោះ គួរតែធ្វើរឿងអស់ទាំងនេះ។
កុំឈរ ឬអង្គុយយូរពេក៖ នៅពេលមានផ្ទៃពោះ អ្នកគួរតែសម្រាកឲ្យបានច្រើន ហើយប្រសិនបើមានការងារទាក់ទងទៅនឹងការឈរ ឬអង្គុយយូរ គួរតែព្យាយាមសម្រាកឲ្យបាន ៥នាទីរៀងរាល់១ម៉ោងម្តង។ ការធ្វើបែបនេះ ដើម្បីជៀសវាងការប្រមូលផ្តុំនៃសារធាតុរាវនៅក្នុងជើង។
គេងបែរចំហៀង៖ ការគេងបែរទៅខាងឆ្វេង គឺជាទីតាំងដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចជួយរក្សាតម្រងនោមមិនឲ្យមានសម្ពាធខ្លាំង កាត់បន្ថយការបាត់បង់កោសិកា និងអាការហើមផងដែរ។
ធ្វើលំហាត់ប្រាណទៀងទាត់៖ ការធ្វើលំហាត់ប្រាណបានទៀងទាត់ដូចជា ការដើរ ឬហែលទឹក អាចរក្សាលំហូរឈាមទៅកាន់សរីរាង្គផ្សេងៗបានល្អ ហើយជួយបញ្ជៀសការប្រមូលផ្តុំសារធាតុរាវនៅក្នុងជើងថែមទៀត។
កុំពាក់ស្រោមជើងតឹងណែនខ្លាំងពេក៖ ការពាក់ស្រោមជើងតឹងណែនខ្លាំងពេក អាចធ្វើឲ្យលំលូតឈាមត្រូវកកស្ទះ និងអាចបណ្តោលឲ្យមានការឈឺចាប់ជើង ព្រមទាំងខ្នង បាន។ ដូច្នេះ កុំព្យាយាមពាក់ស្រោមជ្រើនតឹងណែនឲ្យសោះ ហើយប្រសិនបើនៅផ្ទះវិញអ្នកពុគគួរពាក់ឡើយ។
ផឹកទឹកឲ្យបានច្រើន៖ ការផឹកទឹក ៨ទៅ១០កែវ ក្នុងមួយថ្ងៃអាចជួយបំបាត់ជាតិកាល់ស្យូម និងកាកសំណល់ដទៃទៀត ដែលជាដើមហេតុបណ្តោលឲ្យហើមជើង។
ជៀសវាងពាក់ស្បែកជើងកែងចោទ៖ ការពាក់ស្បែកជើងកែងចោទមិនមានសុវត្ថិភាពនោះទេ ព្រោះអាចអាចធ្វើឲ្យជើង និងខ្នងមានការឈឺចាប់កាន់តែខ្លាំង។ យកល្អគួរតែជ្រើនរើសទ្រនាប់ជើងដែលមានបាតរាបស្មើ ហើយទន់ស្រួលពាក់ ទើបមិនធ្វើឲ្យជើងមានការឈឺចាប់ និងហើម។
កំណត់ការទទួលទានអំបិល៖ ការកំណត់ការទទួលទានអំបិលច្រើនពេក អាចបណ្តោលឲ្យអវយវៈមួយចំនួនឡើងហើម ជាពិសេសជើង។ ដូច្នេះ នៅពេលកែច្នៃអាហារផ្សេងៗ អ្នកពុំគួរប្រើអំបិលច្រើនពេកនោះទេ សូម្បីតែទឹកត្រី ឬទឹកស៊ីអ៊ីវ ក៏គួរតែកាត់បន្ថយផងដែរ៕