Skip to content

ហូរឈាមតាមច្រមុះពេលមានគភ៌តើគ្រោះថ្នាក់ឬទេ? តើត្រូវដោះស្រាយដូចម្តេច?

តាមដំបូន្មានអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានបង្ហាញថា ចម្រុះដែលហូរឈាម គឺជាយន្តការធម្មជាតិ បញ្ហានេះកើតឡើងដោយសារតែជំងឺផ្តាសាយ ការឆ្លងមរោគប្រហោងឆ្អឹងច្រមុះ បញ្ហាអាឡែស៊ីច្រមុះ ឬចម្រុះស្ងួតជាដើម។ ដូច្នេះ អាការៈមួយនេះមិនមែនជាសញ្ញាគ្រោះថ្នាក់ឡើយ សម្រាប់ស្ត្រីមានគភ៌។

តើត្រូវដោះស្រាយដូចម្តេចពេលហូរឈាមតាមច្រមុះ?

១.អង្គុយ ឬឈរឲ្យត្រង់ខ្លួន ដើម្បីរក្សាសម្ពាធសរសៃឈាមក្នុងច្រមុះ និងបញ្ឈប់ការហូរឈាមបន្តិចម្តងៗ។

២.ប្រើមេដៃ និងដៃចង្អុលច្របាច់ច្រមុះរយៈពេល ១០នាទី ដោយស្រូបខ្យល់តាមមាត់បណ្តោះអាសន្នសិន។

៣.យកទឹកកកមកស្អំនៅលើខ្នង ក ឬថ្ងាស ដើម្បីធ្វើឲ្យឈាមឆាប់កក។

៤.បន្ទាប់ពីច្របាច់ច្រមុះ១០នាទី ត្រូវពិនិត្យមើលថា តើការហូរឈាមឈប់ឬក៏អត់? ប្រសិនបើវានៅតែមិនឈប់សូមព្យាយាមម្តងទៀត។

អ្វីដែលអ្នកម្តាយគួរប្រុងប្រយ័ត្នពេលកំពុងហូរឈាមតាមច្រមុះ

១.ជៀសវាងឱក្បាលចុះក្រោម ព្រោះវាអាចធ្វើឲ្យអ្នកលេបឈាមចូលដោយចៃដន្យ ហើយអាចមានអាការៈចង្អោរ និងក្អួតដោយងាយ។

២.ពិសារទឹកឲ្យបានច្រើន ដើម្បីបំពេញជាតិទឹកក្នុងរាងកាយបានគ្រប់គ្រាន់។

៣.លាងសម្អាតច្រមុះចេញបន្ទាប់ពីការហូរឈាមត្រូវបញ្ឈប់ ដើម្បីកាត់បន្ថយការឆ្លងមេរោគច្រមុះ។

ប្រសិនបើការហូរឈាមរួមជាមួយអារម្មណ៍ហត់នឿយ វិលមុខ រាងកាយស្លេកស្លាំង ឈឺដើមទ្រូង សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕