នៅរដូវវស្សាកុមារតូចៗងាយនឹងកើតជំងឺផ្សេងៗជាច្រើន ហើយក្នុងចំណោមនោះ ជំងឺភ្នែកក្រហម ក៏ជាបញ្ហាមួយដែលឪពុកម្តាយគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងផងដែរ។ ជំងឺនេះងាយនឹងឆ្លងណាស់ ប្រសិនបើអ្នកប៉ះពាល់ជាមួយនឹងទឹកភ្នែកដែលហូរចេញពីភ្នែកអ្នកជំងឺ ហើយយកមកប៉ះផ្ទៃមុខខ្លួនឯង។ ដូច្នេះថ្ងៃនេះ Babayandmom នឹងធ្វើការបង្ហាញពីចំណេះដឹងមួយចំនួន ដើម្បីឲ្យឪពុកម្តាយចេះដោះស្រាយនៅពេលកូនកើតជំងឺនេះ។
តើជំងឺភ្នែកក្រហមជាអ្វី?
ជំងឺភ្នែកក្រហម ត្រូវបានបង្កឡើងដោយវីរុសម្យ៉ាងគេហៅថា Adino virus ដែលមានទំនាក់ទំំនងជាមួយនឹងទឹកភ្នែករបស់អ្នកជំងឺតែម្យ៉ាងគត់ ហើយកុំថាឡើយកុមារ សូម្បីតែមនុស្សពេញវ័យក៏អាចឆ្លងបានដែរ។ វីរុសនេះ អាចរីករាលដាលខ្លាំងនៅរដូវវស្សា ព្រោះវាអាចលូតលាស់បានល្អអាស្រ័យលើតំបន់សើមដែលមានតំណក់ទឹក និងធូលីហើរចូលទៅក្នុងភ្នែក ហើយទីបំផុតកុមារនឹងកើតជំងឺនេះយ៉ាងងាយ។ កុមារដែលរៀននៅបឋមសិក្សាត្រូវបានគេរកឃើញថា ងាយនឹងឆ្លងជំងឺនេះជាងគេ។ រោគសញ្ញាទូទៅនឹងមើលឃើញក្នុងរយៈពេល ១ទៅ២ថ្ងៃ ហើយអាចឆ្លងទៅអ្នកដទៃរហូតដល់ ១៤ថ្ងៃ។
តើជំងឺភ្នែកក្រហម មានរោគសញ្ញាអ្វីខ្លះ?
១.ឈឺភ្នែក ហៀរទឹកភ្នែក
២.ភ្នែក និងត្របកភ្នែកផ្នែកខាងក្នុងឡើងក្រហម រមាស់ ហើយហើម
៣.ភ្នែកសើម ទឹកភ្នែកដក់ក្នុងភ្នែក និងមានអាចម៍ភ្នែកក្រៀមៗនៅលើត្របកភ្នែក
៤.មានខ្ទុះក្នុងភ្នែក
៥.ពិបាកបើកភ្នែក មើលអ្វីមិនច្បាស់
តើជំងឺភ្នែកក្រហមត្រូវព្យាបាលដោយរបៀបណា?
១.ប្រើក្រណាត់ស្អាត ឬសំលី ជ្រលក់ក្នុងទឹកក្តៅឧណ្ឌៗ រួចជូតសម្អាតជុំវិញភ្នែក
២.ប្រើទឹកកកស្អំថ្នមៗជុំវិញភ្នែក
៣.ប្រសិនបើកូនមានការឈឺចាប់ សូមលេបថ្នាំប្រឆាំងនឹងការរលាក (តែត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន)។
៤.ប្រសិនបើជំងឺនេះកើតមានចំពោះទារកទើបកើត កុំព្យាយាមព្យាបាលខ្លួនឯងឲ្យសោះត្រូវប្រញាប់នាំពួកគេទៅមន្ទីរពេទ្យភ្លាម។
សូមប្រុងប្រយ័ត្នចំពោះជំងឺនេះទាំងអស់គ្នា ជាពិសេសកុមារតូចៗ ព្រោះពួកគេអាចទទួលរងការឈឺចាប់ខ្លាំងប្រសិនបើមិនមានវិធានការដោះស្រាយភ្លាមទេនោះ៕