យូហ្គា គឺជាវិធីសាស្ត្រមួយដែលមានគោលបំណងជួយឲ្យអ្នកបានប្រសើរឡើងនូវសុខុមាលភាពផ្លូវចិត្ត និងរាងកាយទាំងមូល។ ការសិក្សាបានបង្ហាញថា យូហ្គា អាចជួយអ្នកដកដង្ហើមបានស្រួល កាត់បន្ថយភាពតានតឹង ធ្វើឲ្យអារម្មណ៍ល្អ និងបញ្ជៀសបញ្ហាគេងមិនលក់ជាដើម។
យូហ្គា មិនត្រឹមតែជាលំហាត់ប្រាណដែលមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ វាក៏អាចជួយរៀបចំរាងកាយឲ្យសម្រាលកូនតាមបែបធម្មជាតិបានស្រួលផងដែរ។
អ្នកជំនាញបានផ្តល់អនុសាសន៍ថា វិធីល្អបំផុតដើម្បីត្រៀមខ្លួនក្នុងការសម្រាលដោយធម្មជាតិ គឺការទទួលទានរបបអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ជាពិសេសតាមការសិក្សាបានរកឃើញថា ការហាត់យូហ្គា អំឡុងពេលមានផ្ទៃពោះ ផ្តល់ប្រយោជន៍ ៥យ៉ាង៖
ជួយរៀបចំរាងកាយឲ្យមានភាពងាយស្រួលក្នុងការសម្រាល
កាត់បន្ថយការឈឺចាប់ពេលសម្រាល
ពង្រឹងតំបន់អាងត្រគាក
ធ្វើឲ្យប្រសើរឡើងនូវចរន្តឈាម
ធ្វើឲ្យគុណភាពដំណេកមានភាពល្អប្រសើរ
ក៏ប៉ុន្តែមុននឹងធ្វើលំហាត់ប្រាណ អ្នកគួរតែទទួលបានការណែនាំពីអ្នកជំនាញ ដើម្បីកុំឲ្យមានផលប៉ះពាល់ដោយសារតែសកម្មភាពណាមួយ៕