ភាពស្អាត គឺជាកត្តាដ៏សំខាន់មួយដែលអ្នកម្តាយត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ដោយសារតែទារកនៅតូច ប្រព័ន្ធភាពស៊ាំនៅទន់ខ្សោយអាចប្រឈមនឹងការវាយប្រហារពីជំងឺផ្សេងៗបានយ៉ាងងាយ។ ដូច្នេះ អ្នកគួរតែស្វែងយល់ពីរបៀបធ្វើអនាម័យកូនជាទីស្រឡាញ់ មិនថាច្រមុះ ភ្នែក ត្រចៀក ឬមាត់ឡើយ ដើម្បីឲ្យពួកគេមានសុខភាពល្អ។
ខាងក្រោមនេះ គឺជារបៀបធ្វើអនាម័យរាងកាយកូនរបស់អ្នកឲ្យបានស្អាតជានិច្ច៖
១.ភ្នែក៖ អ្នកត្រូវយកកូនកន្សែងស្អាត ផ្សើមទឹកក្តៅឧណ្ឌៗឲ្យសើម រួចជូតសម្អាតលើភ្នែកថ្នមៗ។ ដោយសារតែទារកទើបនឹងកើតអាចហូរទឹកភ្នែកគ្រប់ពេល ដែលជាយន្តការធម្មជាតិ ដើម្បីសម្អាត និងសម្អាប់មេរោគ។ អ្នកមិនចាំបាច់ធ្វើអ្វីនៅលើភ្នែករបស់កូនទេ ប៉ុន្តែប្រសិនបើកូនរបស់អ្នកមានអាចម៍ភ្នែកច្រើនពិបាកបើក សូមជូតសម្អាតចេញ។
២.មាត់៖ បន្ទាប់ពីបំបៅដោះ ត្រូវសម្អាតមាត់ចេញ ដោយប្រើក្រណាត់ស្អាតជ្រលក់ទឹកក្តៅឧណ្ឌៗឲ្យសើមៗ ហើយរុំនឹងចុងម្រាមដៃមកជូតតាមអញ្ចាញធ្មេញ។ ប្រសិនបើកូនកូនរបស់អ្នកមានធ្មេញ សូមជូតសម្អាតទាំងធ្មេញ និងអណ្តោតផងដែរ។
៣.ផ្ចិត៖ នេះជាផ្នែកមួយទៀតដែលអ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីកុំឲ្យមានមេរោគរស់នៅខាងក្នុងនោះបាន។ អ្នកម្តាយគួរតែសម្អាតពីរដងក្នុងមួយថ្ងៃ ពេលព្រឹក និងល្ងាច ដោយប្រើសំលីកប្បាសជ្រលក់អាល់កុល ៧០ភាគយ ដែលត្រូវបានណែនាំឲ្យប្រើដោយអ្នកជំនាញ។
៤.ប្រដាប់បញ្ចេញចោល៖ អ្នកអាចប្រើកន្សែងទន់ៗផ្សើមជាមួយទឹកស្អាត ហើយជូតពីលើក្បាលពោះរហូតដល់ប្រដាប់ភេទ និងរន្ធគូថ។ អ្នកត្រូវចាំថា ពេលជូតសម្អាតត្រូវជូតពីមុខទៅក្រោយជានិច្ច មិនត្រូវបញ្ជ្រាស់មកវិញឡើយ ព្រោះវាអាចឆ្លងមេរោគប្រសិនបើទារកជាកូនស្រី។
៥.ត្រចៀក៖ ត្រូវជ្រលក់កន្សែងស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ មកជូតសម្អាតនៅផ្នែកខាងក្រៅ និងខាងក្រោយត្រចៀក។ បន្ទាប់មក ប្រើក្រណាត់ទន់ៗមកជូតសម្អាតផ្នែកខាងក្រៅឲ្យស្ងួត។
៦.ច្រមុះ៖ អ្នកអាចយកសំឡីត្បាល់ត្រចៀកមកផ្សើមជាមួយទឹកក្តៅឧណ្ឌៗ ហើយជូតសម្អាតទឹករំអិលៗចេញឲ្យអស់។
ការថែរក្សាអនាម័យកូនរបស់អ្នកមិនមែនជារឿងពិបាកទេ ដូច្នេះដើម្បីឲ្យកូនមានសុខភាពល្អ អ្នកម្តាយគួរតែព្យាយាមធ្វើតាមការណែនាំដូចខាងលើ៕