អ្នកជំនាញបាបង្ហាញថា កំហុសមួយក្នុងចំណោមកំហុសជាច្រើនរបស់ឪពុកម្តាយ គឺមិនបានយកចិត្តទុកដាក់ក្នុងការសម្អាតធ្មេញកូនតូចៗនោះទេ ព្រោះពួកគេអាងថា នៅពេលដែលធ្មេញបាក់នឹងមានធ្មេញថ្មីមកជំនួស ហើយល្អជាងមុនទៅទៀត។
ដូច្នេះឪពុកម្តាយភាគច្រើនតែងតែធ្វេប្រហែសក្នុងការថែរក្សាធ្មេញប្រចាំថ្ងៃដូចជា មិនបានដាស់តឿនឲ្យកូនធ្វើអនាម័យត្រឹមត្រូវ ឬបណ្តោយឲ្យពួកគេខ្ជិលដុសសម្អាតធ្មេញក៏មានដែរ។
ទោះជាយ៉ាងណា ឪពុកម្តាយគួរតែបង្រៀនកូនឲ្យចេះធ្វើអនាម័យដោយខ្លួនឯង ឬជួយសម្អាតឲ្យពួកគេបន្ទាប់ពីបៅដោះ ដើម្បីរក្សាសុខភាពឲ្យល្អប្រសើរ។
ដោយសារតែធ្មេញកុមារទើបនឹងដុះ អ្នកជំនាញបានណែនាំឲ្យប្រើប្រាស់ច្រាស់ដែលទន់បំផុត ហើយធ្វើការសម្អាតជារៀងរាល់ពេលល្ងាច។ ក្រៅពីនេះផងដែរ អ្នកអាចប្រើក្រណាត់ទន់ មកជូតសម្អាត ដើម្បីងាយស្រួលក្នុងការជម្រះស្នាមប្រឡាក់កុំឲ្យតោងនៅលើធ្មេញ។ ព្រោះស្នាមប្រឡាក់នេះហើយ ជាដើមហេតុដំបូងដែលបណ្តោលឲ្យកើតជំងឺដង្កូវស៊ីធ្មេញ ដូច្នេះឪពុកម្តាយទាំងឡាយគួរតែពិនិត្យធ្មេញរបស់កូនឲ្យបានទៀងទាត់ ដើម្បីរកមើលស្នាមប្រឡាក់ ជាពិសេសចំណុចខ្មៅៗនៅលើធ្មេញ ដើម្បីងាយស្រួលក្នុងការដោះស្រាយភ្លាម។