ជាទូទៅកុមារប្រឈមនឹងការកើតជំងឺផ្តាសាយញឹកញាប់ជាងមនុស្សពេញវ័យ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមិនទាន់រឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្កជំងឺ ដែលធ្វើឲ្យពពួកបាក់តេរី ឬវីរុសងាយជ្រៀតចូល។
ជំងឺគ្រុនផ្តាសាយ គឺជាជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុត ដែលជៈឥទ្ធិពលដល់កុមារអាយុចាប់ពី ៣ទៅ ១២ឆ្នាំ។ ជំងឺនេះ គឺជាការបង្ករោគដោយវីរុស ដែលភ្ជាប់មកជាមួយរោគសញ្ញាមួយចំនួនដែលជះឥទ្ធិពលដល់សួត ច្រមុះ បំពង់ក។ល។
ដូច្នេះប្រសិនបើអ្នកចង់កាត់បន្ថយរោគសញ្ញានៃជំងឺគ្រុនផ្តាសាយរបស់កូនដោយធម្មជាតិ សូមអនុវត្តវិធីទាំង៣នេះ។
១.ឲ្យកូនញ៉ាំស៊ុបក្តៅៗ
នៅពេលកូនរបស់អ្នកមានជំងឺផ្តាសាយ និងស្ទះផ្លូវដង្ហើម អ្នកអាចរៀបចំស៊ុបមាន់ក្តៅៗ ហើយបន្ថែមម្រេចខ្លះ ឲ្យកូនរបស់អ្នកញ៉ាំយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។
ស៊ុបក្តៅៗ មានសមត្ថភាពបន្ធូរការឈឺបំពង់ក និងបំបាត់អាការៈតឹងច្រមុះថែមទៀត។ ដោយហេតុនេះកូនរបស់អ្នកនឹងឆាប់ធូរស្បើយពីរោគសញ្ញាដែលទាក់ទងនឹងជំងឺផ្តាសាយ។
២.ឲ្យកូនញ៉ាំទឹកឃ្មុំ
អាការៈក្អក ជាពិសេសក្អកស្ងួត ក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃជំងឺផ្តាសាយដែរ។ នៅពេលកូនរបស់អ្នកក្អកពេញមួយថ្ងៃ អមទៅដោយអារម្មណ៍ធុញទ្រាន់ជាមួយនឹងការឈឺទ្រូង អ្នកអាចចិញ្ជ្រាំខ្ទឹមសមួយកម្ពិស លាយជាមួយទឹកឃ្មុំមួយស្លាបព្រា ហើយឲ្យកូនរបស់អ្នកញ៉ាំល្បាយនេះរួមជាមួយទឹកក្តៅរាល់ព្រឹក។
លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងការរលាកនៃទឹកឃ្មុំ និងខ្ទឹមស អាចជួយបំបាត់ការក្អកស្ងួតបានយ៉ាងមានប្រសិទ្ធភាព។
៣.ឲ្យកូនគេង
ជាធម្មតាទោះបីជាក្មេងតូចៗឈឺក៏ដោយ ក៏ពួកគេនៅតែចង់បន្តលេងច្រើនដដែល។ នេះអាចធ្វើឲ្យរោគសញ្ញានៃជំងឺផ្តាសាយកាន់តែអាក្រក់ទៅៗ ចំពោះកុមារ។
វាមានសារៈសំខាន់ណាស់ក្នុងការអនុញ្ញាតឲ្យរាងកាយសម្រាក និងឆាប់ជាសះស្បើយឡើងវិញ នៅពេលកូនរងផលប៉ះពាល់ពីជំងឺផ្តាសាយ។ ដូច្នេះឪពុកម្តាយត្រូវព្យាយាមធ្វើយ៉ាងណា ឲ្យកូនគេងបានគ្រប់គ្រាន់អំឡុងពេលនេះ៕