គំនិតល្អៗ៥ចំណុច ធ្វើឲ្យកូនរបស់អ្នកក្លាយជាក្មេងដែលមានភាពជឿជាក់លើខ្លួនឯង

0
1

កុមារដែលធំធាត់ឡើងដោយរងនូវសម្ពាធ ឬឪពុកម្តាយតឹងរឹងខ្លាំងពេក វាអាចធ្វើឲ្យកុមារមានភាពតានតឹងក្នុងអារម្មណ៍ មិនសូវពូកែនិយាយ និងបញ្ចេញមតិ។ ដូច្នេះដើម្បីជំរុញឲ្យកុមារមានទំនុកចិត្តលើខ្លួនឯង ឪពុកម្តាយទាំងឡាយគួរមើលថែកូនតាមបច្ចេកទេសខាងក្រោម៖

១.ព្យាយាមរកសកម្មភាពថ្មី ឲ្យកូនសាកល្បង

ការផ្តល់ឱកាសឲ្យកុមារសាកល្បងអ្វីដែលពួកគេមិនធ្លាប់ធ្វើ ពួកគេនឹងមានភាពក្លាហានក្នុងការប្រឈមជាមួយបញ្ហា និងឈានដល់ចំណុចមួយដែលលើសពីពាក្យថា (មិនខ្លាច) ហើយឪពុកម្តាយត្រូវលើកទឹកចិត្តជានិច្ច ទោះបីជាការខិតខំជាលើកដំបូងរបស់ពួកគេមិនបានល្អក៏ដោយ។ ធ្វើបែបនេះដើម្បីឲ្យកូនមានអារម្មណ៍ជឿជាក់ និងរីករាយក្នុងការសាកល្បងអ្វីដែលថ្មីៗ។

២.លេងជាមួយកូន

ការបង្កើតសកម្មភាពរីករាយជាមួយគ្នា តាមរយៈការលេងល្បែងផ្សេងៗ ក៏អាចជួយជំរុញឲ្យកុមារមានភាពជឿជាក់លើខ្លួនឯងផងដែរ។ រាល់ល្បែងកំសាន្តផ្សេងៗ អ្នកត្រូវឲ្យកុមារនាំមុខក្នុងការធ្វើសកម្មភាព ការសម្រេចចិត្ត និងឈ្នេះអ្នកជានិច្ច។ នេះជាវិធី ដែលធ្វើឲ្យកូនហ៊ានសម្រេចិត្ត និងមានភាជឿជាក់អាចធ្វើអ្វីដោយខ្លួនឯងមិនបាច់ពឹងជំនួយឡើយ។

៣.ទទួលយកប្រសិនបើកូនមិនចូលចិត្តអ្វីដែលយើងចង់ឲ្យពួកគេធ្វើ

ការបង្ខំឲ្យកូនធ្វើអ្វីមួយ ឬសកម្មភាពដែលយើងពេញចិត្ត គឺមិនល្អនោះទេ ព្រោះកុមារអាចនឹងខ្វះទំនុកចិត្តក្នុងការសម្រេចចិត្ត។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរគំនិតរបស់កូន អ្នកត្រូវតែប្រើការបញ្ចុះបញ្ចូល ហើយប្រសិនបើការបញ្ចុះបញ្ចូលរបស់អ្នកនៅតែបរាជ័យ ត្រូវស្របតាមកូនវិញទៅ ដោយសារតែការគិតរបស់មនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា។

៤.ទុកពេលឲ្យកូនធ្វើអ្វីៗ

ម្តាយជាច្រើនមាននិន្ននាការបញ្ជា ហើយគិតថា អ្វីៗដែលពួកគេឲ្យកូនធ្វើតែងតែល្អបំផុត។ តែការពិតមិនមែនគ្រប់រឿងទាំងអស់នោះទេ កុមារក៏មានបេះដូង និងត្រូវការធ្វើអ្វីតាមគំនិតផ្ទាល់ខ្លួន​ឯងដែរ។ ដូច្នេះប្រសិនបើអ្នកចង់ឲ្យកូនធ្វើអ្វីមួយ សូមទុកពេលឲ្យបានច្រើន ប៉ុន្តែត្រូវប្រាប់គាត់ថាការងារត្រូវតែធ្វើឲ្យហើយ។ ធ្វើបែបនេះមិនត្រឹមតែអាចបង្កើតទម្លាប់ល្អសម្រាប់កូននោះទេ វាក៏ធ្វើឲ្យពួកគេធ្វើដោយមានទំនុកចិត្តផងដែរ។

៥.កុំប្រៀបធៀបកូនជាមួយអ្នកដទៃ

ត្រូវជឿជាក់ថា មនុស្សម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ ដូច្នេះទោះពួកគេមិនល្អដូចកូនអ្នកដទៃក៏ដោយ សូមប្រយ័ត្នចំពោះការនិយាយប្រៀបធៀបកូនរបស់អ្នកជាមួយនឹងក្មេងដទៃ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់កូន និងអនចិត្តចំពោះខ្លួនឯងពេញមួយជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here