អ្នកម្តាយមួយរូបនៅប្រទេសចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញមុខកូនប្រុសជាទីស្រឡាញ់របស់ខ្លួនហើម និងមានរោមខ្មៅៗលេចចេញមក បន្ទាប់ពីគាត់បានប្រើក្រែមផ្តល់សំណើមដល់ស្បែក (steroid cream) អស់រយៈពេលច្រើនខែ។
យោងតាមសារព័ត៌មាន Mirror បានឲ្យដឹងថា មុខរបស់ក្មេងប្រុសមានសភាពហើមដូចប៉េងប៉ោង ហើយចាប់ផ្តើមដុះរោម បន្ទាប់ពីលាបក្រែមផ្តល់សំណើមដល់ស្បែក (steroid cream) អស់រយៈពេលជាយូរមកហើយ។
មុនពេលមានបញ្ហាកើតឡើង ក្មេងប្រុសរូបនោះមានស្បែកស្ងួត ហើយឪពុកម្តាយរបស់គាត់បានទិញក្រែមដើម្បីលាប។ ប៉ុន្តែពួកគេបានដឹងភ្លាមៗថា មានអ្វីមួយខុសប្រក្រតីនៅពេលដែលមុខខាងឆ្វេងរបស់ទារកធំឡើង ហើយចាប់ផ្តើមដុះរោម សូម្បីតែនៅលើថ្ងាស។
ក្មេងប្រុសរូបនេះត្រូវបានបញ្ចូនទៅមន្ទីពេទ្យ បន្ទាប់ពីប្រើក្រែមបាន ២ខែ។ ការបញ្ចូនក្មេងទៅមន្ទីរពេទ្យដំបូង មិនអាចរកឃើញមូលហេតុទេ ធ្វើឲ្យស្ថានភាពទារកកាន់តែធ្ងន់ធ្ងរឡើង។ ក្រោយមកពួកគេបានបញ្ចូនបន្តទៅមន្ទីរពេទ្យឯកទេស ទើបដឹងពីមូលហេតុ ហើយគ្រូពេទ្យបាននិយាយថា ក្រែមដែលពួកគេប្រើសម្រាប់លាបកូនដូចខាងលើនេះ គឺប្រើបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នៅពេលដែលគ្រូពេទ្យស្នើសុំឲ្យក្រុមគ្រួសារឈប់ប្រើក្រែមលាបស្បែក ស្ថានភាពរបស់ក្មេងប្រុសរូបនេះបានប្រសើរឡើង ហើយពួកគេត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ។
សូមបញ្ជាក់ផងដែរថា អាជ្ញាធរសុខាភិបាលប្រទេសចិន បានស្នើរឲ្យក្រុមហ៊ុតដែលផលិតក្រែមប្រភេទនេះដកផលិតផលចេញ និងជូនដំណឹងដល់ហាងលក់រាយទាំងអស់ ដើម្បីបញ្ឈប់ការលក់ផលិតផល ខណៈពេលរងចាំការស៊ីបអង្កេតឲ្យបានច្បាស់លាស់សិន៕