កុមារត្រូវការរៀនអ្វីដែលថ្មីរាល់ថ្ងៃ មិនថាសកម្មភាព ការសិក្សា កីឡា និងរឿងផ្សេងនោះទេ។ ហេតុនេះឪពុកម្តាយរំពឹងថា កូនរបស់ពួកគេនឹងឆ្លាតវៃអាចពូកែលើគ្រប់វិស័យ។ ប៉ុន្តែខួរក្បាលកុមារអាចរងនូវសម្ពាធច្រើន ហេតុននេះដើម្បីបន្ថយសម្ពាធ អ្នកត្រូវជួយបង្កើនថាមពលខួរក្បាលរបស់ពួកគេដោយជ្រើសរើសអាហារដែលត្រឹមត្រូវ។
អ្នកជំនាញផ្នែកអាហារបំប៉នបានបង្ហាញថា អាហារដែលអាចជួយជំរុញដល់ការលូតលាស់ខួរក្បាលកុមារឲ្យកាន់តែឆ្លាតវាងវៃ ត្រូវតែមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ជាពិសេសអាហារពេលព្រឹកមានសារៈសំខាន់ណាស់សម្រាប់កុមារដែលទើបនឹងចូលសាលា ព្រោះវាអាចជួយបង្កើនកម្រិតថាមពលខួរក្បាល និងជំនាញផងដែរ។
ដូច្នេះឪពុកម្តាយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំង លើការផ្តល់អាហារដែលសម្បូរសារធាតុចិញ្ចឹមដល់កូនឲ្យបានគ្រប់គ្រាន់។
ស៊ុត
វីតាមីនដែលមាននៅក្នុងស៊ុត មានតួនាទីចាំបាច់ណាស់សម្រាប់បង្កើតកោសិកានៃការចង់ចាំ។ ការបង្កើតកោសិការកាន់តែច្រើន ការចង់ចាំនឹងកាន់តែប្រសើរឡើង។ ដូច្នេះចូរចម្អិនស៊ុត ឲ្យកូនទទួលទានជារៀងរាល់ព្រឹក។
ទឹកដោះគោ
ទឹកដោះគោគ្មានខ្លាញ់ គឺជាប្រភពដ៏ល្អនៃប្រូតេអីន វីតាមីន D និង ផូស្វ័រ។ ដូចនេះសូមបញ្ចូលទឹកដោះគោមួយកែវទៅក្នុងរបបអាហារកូនជារៀងរាល់ព្រឹក។
ក្រៅពីអាហារ២មុខនេះ នៅមានពពួកផ្លែប៊ឺរី ម្សៅអាវ័ន រមៀត គ្រាប់ធញ្ញជាតិ និងត្រីសមុទ្រមួយចំនួនដែលមានផ្ទុកខ្លាញ់អូមេហ្គា៣ ក៏អាចជួយជំរុញឲ្យខួរក្បាលរបស់កុមារមានភាពឆ្លាតវៃបានដែរ៕