គីវី ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីនC វីតាមីន E ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតហ្វូលិក ប៉ូតាស្យូម និងសារធាតុរ៉ែ។ ផ្លែឈើដែលមានរូបរាងដូចពងក្រពើ សាច់ពណ៌បៃតង អាចត្រូវបានញ៉ាំទាំងឆៅ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ។
ផ្លែគីវី ក៏ត្រូវបានគេណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំផងដែរ ព្រោះវាមានតម្លៃអាហារូបត្ថម្ភខ្ពស់ ដែលស្ត្រីមានផ្ទៃពោះត្រូវការជាចាំបាច់។ យោងតាមក្រសួងកសិកម្មអាមេរិក បានបង្ហាញថា ផ្លែគីវីមួយផ្លែ ជាមធ្យមមានផ្ទុកថាមពល ៦៩ក្រាម កាឡូរី៤២.១ ខ្លាញ់ ០.៣ក្រាម កាបូនអ៊ីដ្រាត១០ក្រាម ជាតិសរសៃ ២ក្រាម វីតាមីនC ៦៤មីលីក្រាម អាស៊ីដ១៧.២មីក្រូក្រាម និងវីតាមីនK ២៧.៨មីក្រូក្រាម។
ទន្ទឹមនឹងនេះផងដែរ ផ្លែគីវី ត្រូវបានផ្តល់អនុសាសន៍សម្រាប់ស្ត្រីពេលមានផ្ទៃពោះ ព្រោះវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនយ៉ាង៖
ជួយជំរុញប្រព័ន្ធភាពស៊ាំ និងផ្តល់ថាមពល
ផ្លែគីវី មានផ្ទុកបរិមាណវីតាមីន C ខ្ពស់ដែលអាចជួយបង្កើនភាពស៊ាំ និងផ្តល់ការការពារពីរ៉ាឌីកាល់សេរី និងបញ្ហាអាឡែកស៊ី។ វាក៏អាចជួយបង្កើនកម្រិតថាមពល និងកាត់បន្ថយភាពអស់កម្លាំង។
រំញោចប្រព័ន្ធបញ្ជូនសរសៃប្រសាទ
វីតាមីន C នៅក្នុងផ្លែគីវី អាចជួយក្នុងការបង្កើតកោសិកាសរសៃប្រសាទ ដែលមានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវមុខងារខួរក្បាល។
គ្រប់គ្រងជាតិស្ករក្នុងឈាម
គីវី ជាផ្លែឈើដែលមានសន្សន៍ glycemic ទាប ហើយជាជម្រើសដ៏ល្អប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមពេលមានគភ៌។ ដោយសារគីវី ១០០ក្រាម មានជាតិគ្លុយកូសប្រហែល ៥ក្រាម ឬមួយស្លាបព្រាកាហ្វេ វាមិននាំឲ្យមានការកើនឡើងនូវជាតិស្ករ និងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។
ជួសជុលរបួស និងធ្វើឲ្យប្រសើរឡើងនូវសុខភាពឆ្អឹង
វីតាមីន K អាចជួយបង្កើនថាមពលក្នុងការព្យាបាលរាងកាយ ហើយវាចាំបាច់សម្រាប់ការអភិវឌ្ឍឆ្អឹង។ លើពីនេះវាក៏អាចជួយបង្កឈាមបានលឿន ពេលត្រូវរបួស។
ការពារភាពស្លេកស្លាំង
ទារកកំពុងតែលូតលាស់ត្រូវការជាតិដែកបន្ថែម ដែលអាចបង្កើនហានិភ័យនៃភាពស្លេកស្លាំងចំពោះម្តាយ។ វីតាមីន C អាចជួយសម្រួលដល់ការស្រូបយកជាតិដែកពីអាហារផ្សេងៗ។
ផ្លែគីវី មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់មួយចំនួន ដែលអ្នកអាចបញ្ចូលវានៅក្នុងអាហារប្រចាំ ប៉ុន្តែសូមទទួលទានមួយថ្ងៃត្រឹម ២ផ្លែបានហើយ៕