៧ចំណុច ជួយគ្រប់គ្រងរាងកាយមិនឲ្យធាត់ជ្រុលអំឡុងពេលមានផ្ទៃពោះ

0
1

ការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះ អាចជាក្តីកង្វល់សម្រាប់អ្នកម្តាយថ្មោងថ្មី ព្រោះខ្លាចខូចរាង ឬមានបញ្ហាសុខភាពផ្សេងៗទៀត។ ប៉ុន្តែកុំគិតច្រើនពេក បញ្ហាមួយនេះអាចគ្រប់គ្រងបាន ហើយមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃឡើយ ដោយគ្រាន់តែអនុវត្តវិធីសាមញ្ញទាំងនេះ។

១.បរិភោគញឹកញាប់ តែក្នុងបរិមាណតិច

អ្នកម្តាយគួរតែបែងចែកអាហារតិចៗចំនួន ៥ទៅ៦ដងក្នុងមួយថ្ងៃ ដើម្បីឲ្យពោះវៀនដំណើរការកាន់តែងាយស្រួល និងស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរ។

២.ជ្រើសអាហារដែលមានផាសុខភាព

ស្ត្រីមានផ្ទៃពោះត្រូវតែជ្រើសអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗ ហើយត្រូវផ្តោតទៅលើអាហារដែលមានប្រូតេអ៊ីន ដូចជាសាច់ ទឹកដោះគោ ស៊ុត គ្រាប់ធញ្ញាជាតិ ដើម្បីបង្កើតសរីរាង្គ និងជំរុញដល់ការលូតលាស់ទារក។

៣.បន្ថែមអាហារដែលមានជាតិសរសៃ

ព្យាយាមទទួលទានអង្ករសំរូប ស្រូវសាលី ព្រោះវាមានជីវជាតិ និងជាតិសរសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។

៤.ជៀសវាងអាហារសម្បូរជាតិខ្លាញ់ និងស្ករខ្ពស់

អាហារចម្អិនដោយប្រើខ្លាញ់ និងអាហារមានផ្ទុកជាតិស្ករ ត្រូវបានហាមឃាត់សម្រាប់ស្ត្រីមានផ្ទៃពោះ។ ដោយសារតែខ្លាញ់ ឬជាតិស្ករ នឹងធ្វើឲ្យអ្នកម្តាយឡើងទម្ងន់ហួសពីការកំណត់។

៥.ទំពារអាហារឲ្យម៉ត់មុននឹងលេបចូលពោះ

ដើម្បីជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ស្ត្រីមានផ្ទៃពោះគួរទំពារអាហារមួយៗ ហើយឲ្យបានម៉ត់ល្អ។ ព្រោះពេលមានផ្ទៃពោះអ័រម៉ូន Progesterone ប្រែប្រួលធ្វើឲ្យពោះវៀនចុះខ្សោយ។ ជាលទ្ធផល ប្រព័ន្ធរំលាយអាហារមានប្រសិទ្ធភាពតិចក្នុងការរំលាយ ដែលអាចធ្វើឲ្យអ្នកម្តាយមានអាការៈហើមពោះ និងទល់លាមកងាយជាងធម្មតា។

៦.ទទួលទានទឹកឲ្យច្រើន

យ៉ាងហោចណាស់ក្នុងមួយថ្ងៃ អ្នកម្តាយត្រូវទទួលទានទឹកស្អាតចំនួន ៨កែវ ព្រោះអំឡុងពេលមានផ្ទៃពោះអ័រម៉ូនត្រូវផ្លាស់ប្តូរ រាងកាយត្រូវការផលិតឈាមច្រើន សីតុណ្ហភាពរាងកាយកើនឡើង។ ហេតុនេះការទទួលទានទឹកបានច្រើន នឹងជួយរក្សាតុល្យភាពរាងកាយ ក៏ដូចជាកាត់បន្ថយការទល់លាមកផងដែរ។

៧.ធ្វើលំហាត់ប្រាណ

អ្នកម្តាយត្រូវតែមានភាពសកម្មរាងកាយ ដូចជាការដើរ ដើម្បីគ្រប់គ្រងរាងកាយ និងជួយផ្តល់កំណើតឲ្យទារកមានភាពងាយស្រួល។ អ្នកជំនាញបានផ្តល់យោបល់ឲ្យស្ត្រីមានផ្ទៃពោះគួរហែលទឹក ឬហាត់យូហ្គាជាប្រចាំផងដែរ។

ទោះជាយ៉ាងណា អ្នកត្រូវចាំថា ក្នុងអំឡុងពេលមានផ្ទៃពោះមិនត្រូវបញ្ចុះទម្ងន់នោះឡើយ ព្រោះវាអាចបង្កផលអាក្រក់ដល់សុខភាពអ្នកម្តាយ និងទារក។ ការបញ្ចុះទម្ងន់អាចធ្វើឲ្យទារកមានការលូតលាស់យឺត មានហានិភ័យកើតជំងឺខួរក្បាលដោយសារតែខ្វះសារធាតុចិញ្ចឹមចាំបាច់។ មិនតែប៉ុណ្ណោះ នៅពេលទារកទទួលបានសារធាតុចិញ្ចឹមិនគ្រប់គ្រាន់ ការអភិវឌ្ឍខួរក្បាលទារកក៏ប្រឈមនឹងបញ្ហាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here