ប្រព័ន្ធភាពស៊ាំ គឺជាអ្នកទទួលខុសត្រូវចំពោះការការពាររាងកាយឲ្យជៀសផុតពីជំងឺ ដែលបណ្តោលមកពីជាតិពុល បាក់តេរី និងវីរុសផ្សេងៗ។ អ្នកជំនាញបានណែនាំថា ក្រៅពីការធ្វើអនាម័យឲ្យបានខ្ចាប់ខ្ចួន របបអាហារក៏មានសារៈសំខាន់ដែរ ក្នុងការជំរុញឲ្យរាងកាយមានប្រព័ន្ធភាពស៊ាំខ្លាំង អាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ ក៏ដូចជាជំងឺ COVID-19 ដែលកំពុងតែរាត្បាតផងដែរ។
ដូច្នេះ អ្នកម្តាយគួរតែផ្តល់អាហារសម្បូរទៅដោយអាហារូបត្ថម្ភដល់កុមារ ឲ្យបានគ្រប់គ្រាន់ ដើម្បីកសាងប្រព័ន្ធភាពស៊ាំឲ្យមានភាពប្រសើរឡើង។ ជាពិសេសអាហារទាំងប៉ុន្មាននៅខាងក្រោមនេះ គួរតែផ្តល់ឲ្យកូនជាប្រចាំ៖
ស៊ុត៖ ស៊ុតជាជម្រើសអាហារពេលព្រឹកដ៏ល្អសម្រាប់កុមារ ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន ដែលអាចជួយបង្កើនភាពស៊ាំឲ្យរឹងមាំ។ លើសពីនេះស៊ុត ក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាពកុមារផងដែរ។
ខ្ទឹមស៖ ខ្ទឹមស មានលក្ខណៈសម្បត្តិប្រឆាំងវីរុស អង់ទីបីយោទិក និងរំញោចដល់ការផលិតកោសិកាឈាមសនៅក្នុងខ្លួន។ នេះហើយជាមូលហេតុដែលគេចាត់ទុកថា ខ្ទឹមស ជាឱសថដ៏ល្អឥតខ្ចោះ ក្នុងការបង្កើនភាពស៊ាំសម្រាប់កុមារ ហើយវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបញ្ហាសុខភាពផងដែរ។
រមៀត៖ រមៀតមានលក្ខណៈសម្បត្តិប្រឆាំងការរលាក សម្លាប់មេរោគ ប្រឆាំងផ្សិត និងបាក់តេរី ដែលមានអត្ថប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំ របស់កុមារ។ សមាសធាតុសកម្ម របស់រមៀតធ្វើឲ្យវាក្លាយជាអង់ទីអុកស៊ីដង់ ដ៏មានឥទ្ធិពល។
ទឹកដោះគោជូរ៖ ការបរិភោគទឹកដោះគោជូរ អាចជួយការពារក្រពះពោះវៀន កុមារជៀសផុតពីជំងឺបាន។ ទឹកដោះគោជូរ ពោរពេញទៅដោយប្រូបាយអូទិច(បាក់តេរីល្អ) ដែលអាចជួយបំផ្លាញបាក់តេរីអាក្រក់នៅក្នុងក្រពះ និងជួយឲ្យប្រព័ន្ធភាពស៊ាំកុមារមានភាពប្រសើរឡើង។
ត្រីសាម៉ុន៖ ត្រីសាម៉ុន គឺជាអាហារមួយទៀតដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់កុមារ លើសពីនេះវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាល។ ទោះជាយ៉ាងណាអ្នកជំនាញបានព្រមានថា អ្នកមិនគួរឲ្យកុមារញ៉ាំត្រីសាម៉ុនឆៅនោះទេ ព្រោះវាអាចបង្កឲ្យមានប្រតិកម្ម។
ក្រៅពីផ្តល់អាហារដូចដែលបានរៀបរាប់ខាងលើ ការធ្វើលំហាត់ប្រាណជាប្រចាំ និងគេងឲ្យបានគ្រប់គ្រាន់ ក៏ជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកដល់ការកសាងប្រព័ន្ធភាពស៊ាំឲ្យខ្លាំងផងដែរ៕